មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ការទទួលទានគ្រឿងស្រវឹងហួសប្រមាណ ជាមូលហេតុចម្បងនៃជំងឺធ្ងន់ធ្ងរមួយចំនួនដែលតម្រូវឱ្យសម្រាកពេទ្យ និងនាំឱ្យខាតបង់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ការប្រើប្រាស់គ្រឿងស្រវឹងអាចបង្កជាផលវិបាកស្រួចស្រាវ និងរ៉ាំរ៉ៃលើរចនាសម្ព័ន្ធ និងមុខងាររបស់ខួរក្បាល។

មន្ទីរពេទ្យរដ្ឋដ៏ល្បីល្បាញនេះ បញ្ជាក់បន្ថែមថា ពេលមនុស្សម្នាក់ទទួលទានគ្រឿងស្រវឹង កោសិកាខួរក្បាលអាចរងផលប៉ះពាល់ដោយផ្ទាល់ ទោះវាហាក់ធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍ល្ហែល្ហើយមួយគ្រា។ប៉ុន្តែវាបណ្តាលឱ្យកោសិកាខួរក្បាលដំណើរការក្នុងស្ថានភាពយឺតជាងធម្មតា បន្ទាប់មកអាចប៉ះពាល់ដល់កោសិកាខាងគំហើញ ( ស្រវាំងភ្នែក) និយាយត្រដិត ដំណើរទ្រេតទ្រោត និងអាចរហូតដល់បាត់បង់ស្មារតី។ 


«ការទទួលទានជាប្រចាំនឹងអាចធ្វើឱ្យអន់ថយមុខងាររបស់កោសិកាខួរក្បាល រាប់តាំងពីការភ្លេចភ្លាំង រហូតវង្វេងវង្វាន់ស្មារតី។» នេះបើតាមការបញ្ជាក់របស់មន្ទីរពេទ្យកាល់ម៉ែត។ 

ប្រហែល 70% នៃអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំគឺប្រឈមនឹងបញ្ហាខួរក្បាលធ្ងន់ធ្ងរដូចជា ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) ជំងឺខ្សោយការចងចាំ ឬជំងឺវង្វេង ស្វិតទំហំខួរក្បាល ដែលអាចជំរុញ ឬអាចបង្កឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត។ អ្នកផឹកគ្រឿងស្រវឹងច្រើន នឹងថយចុះប្រសិទ្ធភាពនៃបំណិនការងារ ការសម្របសម្រួល និងការគ្រប់គ្រងខ្លួនឯង រំខានការគេង និងការសម្រេចចិត្ត ខូចខាតដំណើរការមេតាបូលិករបស់កោសិការប្រព័ន្ធប្រសាទ។ ក្រៅពីនេះការប្រើប្រាស់គ្រឿងស្រវឹងក៏អាចឱ្យប្រឈមនឹងជំងឺប្រកាច់ ជំងឺឆ្លងក្នុងខួរក្បាល និងគ្រោះថ្នាក់ក្បាលដោយការដួលប៉ះទង្គិច៕